06/06/2026
ជីវសាស្ត្រអគារ និងការរៀបចំអាកាសធាតុក្នុងបន្ទប់ (Building Biology & Room Climate)
ឯកសារយោង៖ សៀវភៅ Neufert Architects' Data (Edition 4) ផ្នែក "Building Biology" ទំព័រ ៣៦ ដល់ ៣៧
ការរចនាលំនៅឋានមិនមែនត្រឹមតែផ្ដោតលើការរៀបចំបែងចែកលំហប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពី "ជីវសាស្ត្រអគារ" ដើម្បីផ្តល់ផាសុកភាពកម្ដៅ សុខភាព និងខ្យល់ដកដង្ហើមដល់អ្នករស់នៅ។ ការកំណត់ស្តង់ដារលំហូរខ្យល់ និងពន្លឺបានត្រឹមត្រូវ នឹងជួយលើកកម្ពស់គុណភាពសំណង់អគារកាន់តែប្រសើរ។
១. ផាសុកភាពកម្ដៅ និងសីតុណ្ហភាព (Thermal Comfort)
- ផាសុកភាពកើតមាននៅពេលដែលកម្ដៅបញ្ចេញពីរាងកាយមានតុល្យភាពជាមួយនឹងកម្ដៅបរិយាកាសជុំវិញខ្លួន។
- សីតុណ្ហភាពខ្យល់ក្នុងបន្ទប់ដែលផ្តល់ផាសុកភាពបំផុតគឺចន្លោះពី ២០ ទៅ ២៤ អង្សាសេ សម្រាប់រដូវក្តៅ។
- កម្ដៅនៃផ្ទៃជញ្ជាំង កម្រាល ឬពិដាន មិនគួរខុសគ្នាពីសីតុណ្ហភាពខ្យល់ក្នុងបន្ទប់លើសពី ២ ទៅ ៣ អង្សាសេ ឡើយ។ ប្រសិនបើកម្ដៅផ្ទៃជញ្ជាំង និងខ្យល់ខុសគ្នាខ្លាំង វាអាចបង្កឱ្យមានលំហូរខ្យល់មិនល្អ និងធ្វើឱ្យបន្ទប់មានអារម្មណ៍ថាក្តៅហប់។
២. កម្រិតសំណើមក្នុងខ្យល់ (Relative Humidity)
- កម្រិតសំណើមដែលល្អ និងផ្តល់ផាសុកភាពបំផុតសម្រាប់រាងកាយមនុស្សគឺនៅចន្លោះពី ៤០% ទៅ ៥០%។
- ប្រសិនបើសំណើមធ្លាក់ចុះទាបជាង ៣០% វាអាចបណ្តាលឱ្យមានធូលីហុយច្រើន និងរំខានដល់ប្រព័ន្ធដង្ហើម។
៣. ការផ្លាស់ប្តូរខ្យល់ចេញចូល (Air Exchange & Fresh Air)
- ការរចនាបង្អួច និងរន្ធខ្យល់ចេញចូលត្រឹមត្រូវ ជួយកាត់បន្ថយកម្រិតឧស្ម័នកាបូនិក (CO2) នៅក្នុងបន្ទប់ ដោយជំនួសមកវិញនូវអុកស៊ីសែនបរិសុទ្ធ។ កម្រិតឧស្ម័នកាបូនិកមិនគួរលើសពី ០.១០% នៃបរិមាណខ្យល់សរុបឡើយ។
- សម្រាប់បន្ទប់ទទួលភ្ញៀវ និងបន្ទប់គេង ត្រូវរៀបចំលំហអាកាសឱ្យមានការផ្លាស់ប្តូរខ្យល់ (Air changes) យ៉ាងហោចណាស់ ២ ទៅ ៣ ដង ក្នុងមួយម៉ោង។
- តម្រូវការខ្យល់បរិសុទ្ធសម្រាប់មនុស្សម្នាក់គឺប្រហែល ៣២.០ ម៉ែត្រគូប ក្នុងមួយម៉ោង។ ដូច្នេះ ការគណនាមាឌបន្ទប់ (Room Volume) ត្រូវតែសមាមាត្រទៅនឹងចំនួនអ្នកស្នាក់នៅ ដើម្បីធានាបាននូវខ្យល់ដកដង្ហើមគ្រប់គ្រាន់។
៤. ចលនាខ្យល់ (Air Movement)
- ខ្យល់ដែលបក់ចូលក្នុងអគារលឿន ឬខ្លាំងពេក អាចបង្កើតជាខ្យល់បោក (Draughts) ដែលធ្វើឱ្យរាងកាយចុះត្រជាក់ខុសធម្មតានៅទីតាំងណាមួយ។
- ការតម្រង់ទិសបង្អួចឈមគ្នា (Cross-ventilation) ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាលំហូរខ្យល់ឱ្យដើរបានស្មើល្អពេញផ្ទៃបន្ទប់។