11/08/2026
AI FARM ROBOTICS ត្រូវបានដាក់ចូលជាតួអង្គសំខាន់ក្នុងកម្រិតសាជីវកម្ម នៅក្នុងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី របស់រាជរដ្ឋាភិបាល
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហេង ស្រីស អគ្គនាយិកានៃក្រុមហ៊ុន អេ អាយ ហ្វាម ឯ.ក. (AI FARM ROBOTICS CO., LTD.) និង លោក ទេព សុវិជ្ជា នាយកផ្នែកបច្ចេកវិទ្យា បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦–២០៣០» ដែលរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ លោកជំទាវ ហេង ស្រីស បានអញ្ជើញចូលរួមស្វែងយល់អំពីទិសដៅសំខាន់ៗនៃការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា AI FARM ROBOTICS មានការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងធនធានមនុស្ស ដើម្បីរួមចំណែកដល់ការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលមានភាពរឹងមាំ និងអាចគាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចថ្មី និងវិស័យឯកជននៅកម្ពុជា។
ក្នុងបរិបទនេះ AI FARM ROBOTICS មានតួនាទីជាតួអង្គសំខាន់ក្នុងវិស័យសាជីវកម្ម និងបច្ចេកវិទ្យា ដោយមិនត្រឹមតែផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជំរុញ ការច្នៃប្រឌិត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងការទទួលយក និងអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងវិស័យឯកជនកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិនិយោគិន សាកលវិទ្យាល័យ ស្ថាប័នគាំទ្រធុរកិច្ចថ្មី សហគ្រិន និងតំណាងវិស័យឯកជន ដើម្បីស្វែងយល់អំពីទិសដៅនៃយុទ្ធសាស្ត្រជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦–២០៣០ មានចក្ខុវិស័យក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងប្រកបដោយបរិយាបន្ន ដែលអាចជំរុញសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ និងអភិវឌ្ឍធុរកិច្ចថ្មីឱ្យមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់បានយ៉ាងឆាប់រហ័ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងនោះ យុទ្ធសាស្ត្របានកំណត់គោលការណ៍សំខាន់ចំនួន ៣ រួមមាន៖
១) រាជរដ្ឋាភិបាលជាតួអង្គជំរុញការអភិវឌ្ឍ
២) ការអភិវឌ្ឍធុរកិច្ចថ្មីផ្តោតលើប្រព័ន្ធអេកូឡូស៊ី
៣) និង ការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍។
ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិនេះ គឺជាជំហានសំខាន់មួយក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ សហគ្រិនភាព នវានុវត្តន៍ ការវិនិយោគ និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រមទាំងជំរុញឱ្យដៃគូពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។
🛎 បណ្តាញទំនាក់ទំនងផ្សេងទៀតរបស់ពួកយើង៖
Telegram: ( https://t.me/AiFarmRobotics )
Linkedin: ( https://www.linkedin.com/company/aifarm/ )
TikTok: ( https://www.tiktok.com/.farm.robotics8 )
Website: ( https://aifarm.dev/ )