24/08/2026
⚖️ ប្រសិនបើអ្នកខ្ចីប្រាក់ទទួលមរណភាព តើបំណុលរលត់ទេ?
មានមតិជាច្រើនយល់ច្រឡំថា នៅពេលអ្នកខ្ចីប្រាក់ទទួលមរណភាព បំណុលក៏រលត់ទៅតាមនោះដែរ។ តាមពិត នេះមិនមែនជាគោលការណ៍នៃច្បាប់កម្ពុជាទេ។
ផ្អែកតាម ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងបទប្បញ្ញត្តិធនាគារ ខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖
(១). បំណុលមិនរលត់ដោយសារមរណភាពរបស់កូនបំណុល
យោងតាម មាត្រា ១១៤៥ និងមាត្រា ១១៤៧ នៃក្រមរដ្ឋប្បវេណី សន្តតិកម្មចាប់ផ្តើមភ្លាមនៅពេលមតកជនទទួលមរណភាព ហើយ សិទ្ធិ និងកាតព្វកិច្ច របស់មតកជន រួមទាំងបំណុលផង ត្រូវផ្ទេរទៅសន្តតិជន លើកលែងតែកាតព្វកិច្ចដែលមានលក្ខណៈផ្ទាល់ខ្លួនមិនអាចផ្ទេរបាន។
បើមានសន្តតិជនច្រើននាក់ ពួកគេត្រូវទទួលខុសត្រូវ តាមសមាមាត្រនៃចំណែកមរតក ដែលខ្លួនទទួលបាន ស្របតាម មាត្រា ១១៤៨ នៃក្រមរដ្ឋប្បវេណី។
(២). សន្តតិជនមិនចាំបាច់សងបំណុលទាំងអស់ជានិច្ចទេ
ច្បាប់ផ្តល់ជម្រើសដល់សន្តតិជនក្នុងរយៈពេល ៣ ខែ (អាចសុំពន្យារបាន) ចាប់ពីថ្ងៃដឹងថាខ្លួនជាសន្តតិជន ស្របតាម មាត្រា ១២៤៨ នៃក្រមរដ្ឋប្បវេណី ដោយអាចជ្រើសរើស៖
✅ ទទួលមរតកដោយគ្មានលក្ខខណ្ឌ (មាត្រា ១២៥៤ នៃក្រមរដ្ឋប្បវេណី) – ទទួលទាំងទ្រព្យ និងបំណុលទាំងអស់។
✅ ទទួលមរតកដោយមានកម្រិត (មាត្រា ១២៥៦ នៃក្រមរដ្ឋប្បវេណី) – ទទួលខុសត្រូវសងបំណុល ត្រឹមតម្លៃទ្រព្យមរតក ដែលបានទទួលប៉ុណ្ណោះ។
✅ បោះបង់សិទ្ធិទទួលមរតក (មាត្រា ១២៦០ នៃក្រមរដ្ឋប្បវេណី) – ត្រូវចាត់ទុកថាមិនធ្លាប់ជាសន្តតិជន ហើយ មិនទទួលខុសត្រូវលើបំណុល នោះឡើយ។
(៣). តើបណ្តឹងទាមទារបំណុលរបស់ធនាគារនឹងទៅជាយ៉ាងណា?
ប្រសិនបើកូនបំណុលស្លាប់ ខណៈសំណុំរឿងកំពុងស្ថិតនៅតុលាការ នីតិវិធីនឹងត្រូវ ផ្អាកជាបណ្តោះអាសន្ន ស្របតាម មាត្រា ១៧៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី រហូតដល់សន្តតិជនចូលមកបន្តនីតិវិធី។
ទោះជាយ៉ាងណា ប្រសិនបើកូនបំណុលបានតែងតាំងមេធាវីរួចហើយ សិទ្ធិតំណាងដោយអាណត្តិរបស់មេធាវីមិនរលត់ដោយសារមរណភាព ស្របតាម មាត្រា ៥៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ក្នុងករណីនេះ បើចាំបាច់ ធនាគារអាចស្នើសុំតុលាការឱ្យ សន្តតិជនចូលមកបន្តនីតិវិធី តាម មាត្រា ១៧៥ និង ១៧៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
(៤). តើធនាគារអាចអនុវត្តដោយបង្ខំលើទ្រព្យបញ្ចាំបានទេ (លក់ឡាយឡុង)?
យោងតាម មាត្រា ១២៦៩ នៃក្រមរដ្ឋប្បវេណី ម្ចាស់បំណុលមានសិទ្ធិទាមទារសងបំណុលពីទ្រព្យមរតក មុនការបែងចែកមរតក។
ប្រសិនបើបំណុលមាន ទ្រព្យបញ្ចាំ ធនាគារអាចបន្តនីតិវិធី អនុវត្តដោយបង្ខំ ឬលក់ឡៃឡុងទ្រព្យបញ្ចាំ ដើម្បីទូទាត់បំណុល ស្របតាមច្បាប់ និងបទប្បញ្ញត្តិធនាគារពាក់ព័ន្ធ។
ក្នុងករណីនេះ បើមាន អ្នកធានា (Guarantor) ធនាគារក៏អាចទាមទារឱ្យអ្នកធានាបំពេញកាតព្វកិច្ចតាមកិច្ចសន្យាផងដែរ។
(៥). ផលប៉ះពាល់ចំពោះធនាគារ
ក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ ករណីមរណភាពដែលបណ្តាលឱ្យមានការខកខានសងប្រាក់ អាចនាំឱ្យឥណទានត្រូវបានចាត់ថ្នាក់ជា ឥណទានមិនដំណើរការ (Non-Performing Loan - NPL) ហើយធនាគារត្រូវអនុវត្តវិធានការប្រមូលបំណុល និងធ្វើសំវិធានធនតាមបទប្បញ្ញត្តិជាធរមាន។
📌 ជាសរុបមក៖
មរណភាពរបស់អ្នកខ្ចីប្រាក់ មិនធ្វើឱ្យបំណុលរលត់ឡើយ។ បំណុលនឹងក្លាយជាផ្នែកមួយនៃមរតក និងត្រូវផ្ទេរទៅសន្តតិជន ស្របតាម មាត្រា ១១៤៥, ១១៤៧ និង ១១៤៨ នៃក្រមរដ្ឋប្បវេណី។ ទន្ទឹមនឹងនេះ សន្តតិជនក៏មានសិទ្ធិការពារខ្លួនតាមច្បាប់ តាមរយៈ ការទទួលមរតកដោយមានកម្រិត (មាត្រា ១២៥៦) ឬ ការបោះបង់សិទ្ធិទទួលមរតក (មាត្រា ១២៦០)។ ចំណែកឯធនាគារ អាចបន្តការទាមទារបំណុលពីសន្តតិជន អ្នកធានា និងទ្រព្យបញ្ចាំ ព្រមទាំងបន្តនីតិវិធីតុលាការតាម មាត្រា ៥៥, ១៧៣, ១៧៥ និង ១៧៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី និងបទប្បញ្ញត្តិធនាគារពាក់ព័ន្ធ។