24/05/2026
ហេតុអ្វីបានជាខ្ញុំប្រកាន់យកផ្នត់គំនិតនៃការរៀនសូត្រពេញមួយជីវិត ហើយអ្នកទាំងអស់គ្នាក៏គួរធ្វើដូច្នេះដែរ? មូលហេតុគឺដោយសារការយល់ច្បាស់ថា អ្វីៗតែងតែផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនេះបានធ្វើឱ្យចំណេះដឹង ឬវិធីសាស្ត្រមួយចំនួនពីអតីតកាល មិនអាចយកមកប្រើ ឱ្យមានប្រសិទ្ធភាពបានដូចមុនទៀតទេ។
យើងអាចសង្កេតបានថា របៀបធ្វើការមនុស្សបច្ចុប្បន្ន មិនដូចគ្នាកាលពី ១០ ឬ ២០ ឆ្នាំមុនទៀតទេ។ ប្រសិនបើយើងនៅតែយកទ្រឹស្តី ឬរបៀបគ្រប់គ្រងមនុស្សបែបចាស់ៗ មកអនុវត្តក្នុងបរិបទសង្គមសព្វថ្ងៃ នោះយើងអាចនឹងមិនឃើញពីប្រសិទ្ធភាពវាទៀតឡើយ។ ដូច្នេះហើយបាននាពេលបច្ចុប្បន្ន ទស្សនៈនៃការគ្រប់គ្រងបានផ្លាស់ប្តូរពី “ការគ្រប់គ្រងមនុស្ស” ទៅជា “ការធ្វើការជាមួយមនុស្ស” និងការគោរពគ្នាទៅវិញទៅមក ហើយនេះគឺជាអ្វីដែលមនុស្សជំនាន់ថ្មីត្រូវការ។
បើនិយាយអំពីការវិវត្តនៃបច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) វាកាន់តែបង្ហាញឱ្យឃើញច្បាស់ថា ការរៀនសូត្រមិនអាចឈប់បានឡើយ។ បើយើងមិនព្រមទទួលយក និងមិនបន្តរៀនពីវា ក៏នៅតែមានអ្នកផ្សេងទៀតដែលគេកំពុងរៀន សាកល្បង និងយកវាមកប្រើប្រាស់ ដើម្បីធ្វើឱ្យការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយកំហុសបានច្រើនជាងមុន។
តែអ្វីដែលខ្ញុំមើលឃើញលើសពីនេះ មិនមែនស្ថិតនៅត្រង់ថា “ចេះប្រើបច្ចេកវិទ្យាឬអត់” នោះទេ ប៉ុន្តែស្ថិតនៅលើការកសាងមូលដ្ឋានគ្រឹះរបស់ខ្លួនឱ្យបានរឹងមាំសិន ពិសេសសម្រាប់យុវជនយើងសព្វថ្ងៃ ហើយការកសាងមូលដ្ឋានគ្រឹះនេះត្រូវការពេលវេលា។ សម័យនេះ យើងអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស និងពីគ្រប់ទិសទី ប៉ុន្តែបេីពុំមានមូលដ្ឋានគ្រឹះ និងមិនយល់ច្បាស់ពីជំនាញរបស់ខ្លួនទេ នោះយើងនឹងមិនអាចមើលឃើញបញ្ហាពិតប្រាកដ ឬទាញយកអត្ថប្រយោជន៍ពិតពីព័ត៌មានទាំងនោះបានឡើយ។
សរុបមក គឺត្រូវបន្តពង្រឹងទាំងចំណេះគោល និងបន្តពង្រីកចំណេះដឹង និងជំនាញថ្មីៗបន្ថែម ដេីម្បីឱ្យខ្លួនឯងក្លាយជា "high-value human capital."
Send a message to learn more